Tuesday, August 5, 2014

ព្រះ​សិរ​អារ្យ​មេត្រី ព្រម​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​នេះ​​


បុគ្គល ធាន វុទ្ធី ចូលបំភ្លឺករណីតាំងខ្លួនជាព្រះសិរអារ្យមេត្រី​ នៅចំពោះមុខអភិបាលខេត្តកណ្តាល (រូបថតពី៖ ហ្វេសប៊ុកក្រសួងធម្មការ និងសាសនា)

បុគ្គល ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី នៅ​វត្ត​ទួល​រាជា ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ព្រម​ចូល​ខ្លួន​បំភ្លឺ បន្ទាប់ពី​មាន​លិខិត​អញ្ជើញ​ជា​ផ្លូវការ​របស់​អភិបាលខេត្ត​កណ្កាល។​

អភិបាលខេត្ត​កណ្តាល​លោក ផៃ ប៊ុន​ឈឿន ប្រាប់ VOD នៅ​ថ្ងៃ​ទី ៦ ខែ សីហា​នេះ​ថា លោក ធាន វុទ្ធី បាន​ចូល​បំភ្លឺ​នៅ​ម៉ោង ៨ និង៣០​នាទី ព្រឹក​ថ្ងៃ​ពុធ​នេះ តាម​ការកោះអញ្ជើញ​របស់លោក។ លោកបន្តថា ក្នុងអំឡុងពេល​សាកសួរ លោក ធាន វុទ្ធី ព្រម​ទទួល​ទោស​កំហុស​របស់​ខ្លួន​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​កន្លងមក និង​ចូលខ្លួន​ទទួល​ការអប់រំ និង​ការណែនាំ​ពី​សម្តេច​សង្ឃ​។ លោក បន្តថា នៅ​ព្រឹក​មិញ​នេះ លោក​បាន​នាំ​ខ្លួន​បុគ្គល​នេះ ទៅសុំ​ខ​មាល​ទោស​ចំពោះ​ព្រះភ័ក្រ​សម្ដេច​ពោធិ៍​វាំង អំ លឹម​ហេង នៅ​វត្ត​ចំពុះក្អែក ដើម្បី​ទទួល​ការអប់រំ​ពី​វិន័យ​ព្រះពុទ្ធសាសនា និង​ការអប់រំ​ពី​សម្ដេច​សង្ឃ​។ លោកបន្ថែមថា បុគ្គល ធាន វិទ្ធី នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃស្អែក ហើយ​ក្រសួង​មាន​ចំណាត់ការ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​ទេ​។


​ការ​ចូល​ខ្លួន​នេះ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ចាត់វិធានការ​ម៉ឺងម៉ាត់​លើ​បុគ្គល ធាន វុទ្ធី ដែល​បាន​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី ប្រមាថ​លើ​ព្រះពុទ្ធសាសនា ដោយ​ការបោកប្រាស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បង្ខំ​ឲ្យ​ព្រះសង្ឃ​ថ្វាយបង្គំ​ខ្លួន​។​

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល អះអាងថា បុគ្គល ធាន វុទ្ធី ដែល​តាំងខ្លួន​ធ្វើ​ជា​ព្រះ​ស័ក្កិសិទ្ធ និង​ជា​ព្រះ​សិរ​អារ្យ​មេត្រី ដោយ​បង្ខំ​ឲ្យ​ព្រះសង្ឃ​ជា​ច្រើន​អង្គ ថ្វាយបង្គំ​នោះ បច្ចុប្បន្ន​នេះ​មាន​ប្រពន្ធ កូន និង​មាន​ផ្ទះ​ជាច្រើន​កន្លែង ដូចជា ផ្ទះល្វែង​នៅ​ផ្សារ​តាខ្មៅ​ថ្មី ផ្ទះ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល បុរី​ចំការមន រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ជា​ដើម​៕