Thursday, August 7, 2014

ពួក​អ្នកដំណើរ​នាំគ្នា​រុញ ​រថភ្លើង​ឲ្យ​ផ្អៀង​ទៅ​ម្ខាង​ ដើម្បី​សង្គ្រោះ​បុរស​ម្នាក់​


ពួក​អ្នកដំណើរ​រាប់សិប​នាក់ បាននាំគ្នា​រុញ​រថភ្លើង​មួយ​ខ្សែ​ឲ្យ​ផ្អៀង​ទៅ​ម្ខាង​ដើម្បី​សង្គ្រោះ​អ្នកដំណើរ​បុរស​ម្នាក់​​ដែល​ជើង​ម្ខាង​របស់​គាត់​បាន​ជាប់​នៅ​ចន្លោះ​ទូរ​រថភ្លើង​និង​កន្លែង​អ្នកដំណើរ​ឡើង​ចុះ ។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​អំឡុងពេល​មាន​អ្នកដំណើរ​ច្រើន នៅ​ទីក្រុង​Perth ប្រទេស​អូស្ត្រាលី ភាគ​ខា​លិច កាលពី​ព្រឹក​ថ្ងៃ​​ពុធ ។​

បុរស​នេះ បាន​កំពុង​ដើរ​ឡើង​ជិះ​រថភ្លើង​នៅ​ស្ថានីយ​មួយ​នៅ​ទីក្រុង​នេះ ស្រាប់តែ​គាត់​បាន​រអិល​ជើង​ធ្លាក់​ចូល​ប្រឡោះ​តូច​មួយ​នៅ​​ចន្លោះ​ទូរ​រថភ្លើង​និង​កន្លែង​អ្នកដំណើរ​ឡើង​ចុះ​។​ នៅពេល​ភ្លាមនោះ រថយន្ត​ពេទ្យ​និង​ក្រុម​អ្នក​សង្គ្រោះ ត្រូវ​បាន​ហៅ​មក ប៉ុន្តែ​បុរស​នេះ​ត្រូវបាន​សង្គ្រោះ​ដោយ​គ្មាន​របួស​ស្នាម​បន្ទាប់​ពី​ពួក​អ្នកដំណើរ​និង​បុគ្គលិក​រថភ្លើង​នេះ បាន នាំគ្នា​រុញ​រថភ្លើង​ឲ្យ​ផ្អៀង​ទៅ​ម្ខាង​ដើម្បី​អាច​ទាញ​ជើង​របស់​បុរស​នេះ​ចេញ​បាន នៅមុន​ពេល​ក្រុម​អ្នក​សង្គ្រោះ​បាន​មក​ដល់​នោះ​។​

​ក្រុម​អាជ្ញាធរ​បាន​ថ្លែង​សរសើរ​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ទាំងនោះ ដោយ​ហៅ​ការ​ខំ​រុញច្រាន​រថភ្លើង​ឲ្យ​ទ្រេត​ទៅ​ម្ខាង​បាន​បែប​នេះ​ថា​ជា​“​កម្លាំង​ប្រជាជន​ពិតៗ​ដ៏​អស្ចារ្យ​”។