បុគ្គល ធាន វុទ្ធី ដែលតាំងខ្លួន ជាព្រះសិអារ្យមេត្រី បានធ្វើការពន្យល់បកស្រាយ និងបំភ្លឺ ទៅដល់សម្តេចសង្ឃ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចំពោះទង្វើខុសឆ្គងរបស់ខ្លួន ក្នុងវិស័យព្រះពុទ្ធសាសនា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។ នៅព្រឹកថ្ងៃទី៧សីហានេះ ធានវុទ្ធី បានចូលបំភ្លឺម្តងទៀត នៅក្រសួងធម្មការ និងសាសនា ហើយបានធ្វើកិច្ចសន្យាថែមទៀត។
បុគ្គល ធាន វុទ្ធី បានធ្វើការពន្យល់ និងបកស្រាយថា វត្តទួលព្រះរាជា បានកកើតឡើងដោយសារតែលោកខិតខំប្រឹងប្រែង ហើយដោយឮសូរធម៌ព្រះពុទ្ធថា មានតែត្រាស់ជាព្រះពុទ្ធទេ ដែលអាចឆ្លងផុតទុក្ខបាន ពីព្រោះលោកធ្លាប់ព្រាត់ប្រាស់ឪពុក ម្តាយ និងបងប្អូននៅក្នុងជំនាន់ប៉ុល ពត ហើយក៏នឹកឃើញអីចឹងក៏តាំងចិត្តប្រាថ្នា និងកសាង ហើយមិនមែនតាំងខ្លួនជាព្រះសិអារ្យមេត្រី ដោយគ្រាន់តែដោយអំណាចនៃការកសាងរបស់លោកនេះ សុំប្រាថ្នាអនាគតជាតិ បានទៅជាព្រះសម្មាសាមពុទ្ធមួយព្រះអង្គ។ ចំណែករូបភាពជាព្រះសិអារ្យមេត្រី ក៏លោកមិនបានធ្វើដែរ គឺអ្នកលក់ដូរ ជាអ្នកធ្វើទេ ហើយការលក់ដូរនេះ ក៏មិនបានលុយកាក់មកដល់លោកដែរ។ នេះគឺជាការខុសឆ្គង ដែលលោកមិនបានគ្រប់គ្រងឲ្យបានដិតដល់ និងសូមទោសដោយសារតែការធ្វើទៅវាខុសឆ្គង ដោយប្រការណាមួយវាយល់អត់អស់។
លោកបានបន្តថា ចំពោះថវិកាដែលបានមក គឺបានមកពីការដើរសូត្រមន្ត ស្រោចទឹក និងទស្សន៍ទាយ បានយកមកកសាងក្នុងវត្ត មិនបានដើរបោកប្រាស់ ឬឆក់ប្លន់គេទេ និងមិនបានបង្ខិតបង្ខំពុទ្ធបរិស័ទទេ។ ទីវត្តទួលព្រះរាជា ទឹកជ្រៅណាស់ និងដើម្បីឲ្យចាកផុតនូវសេចក្តីទុក្ខ ពីព្រោះឃើញវាលវត្តសង្សារ នៃទុក្ខពិបាកពេក។ ការធ្វើនេះ ប្រាកដជាខុសឆ្លង ពីព្រោះមិនបានដឹងនៅក្នុងធម៌វិន័យ និងមិនបានយល់ច្បាស់ពីធម៌វិន័យ ហើយមិនមែនជាអ្នកបួស និងការប្រតិបត្តិក៏មានការខុសឆ្គងដោយប្រការណាមួយ។
លោក ធាន វុទ្ធី បានបញ្ជាក់ថា មិនបានតាំងខ្លួនជាព្រះសិអារ្យមេត្រីទេ គ្រាន់តែមានសេចក្តីប្រាថ្នាត្រាស់ដឹងជាព្រះពុទ្ធដោយអំណាច នៃការកសាងនេះ។ ការខុសឆ្គងរបស់លោកគឺប្រាកដជាខុសឆ្គងហើយ ដោយសារតែវាចាកពីវិន័យដោយសារមិនបានប្រតិបត្តិនូវវិន័យផ្សេង គ្រាន់តែនឹកឃើញថា ការកសាងនេះ ឧទ្ទិសសម្រាប់ជាតិ និងសម្រាប់សាសនា។ ការលក់ដូរចំណេញក៏យកលុយទៅកសាង ពីព្រោះជំនួយពីពុទ្ធបរិស័ទមិនបានគ្រប់គ្រាន់ សម្រាប់កសាងទេ។ មិនមែនលក់ដូរក្នុងការបោកប្រាស់ទេ អ្នកណាចង់ទិញ ក៏ទិញទៅមិនបានបង្ខិតបង្ខំទេ។ មិនបានបង្ខំឲ្យព្រះសង្ឃ ពុទ្ធបរិស័ទ គោរពទេ។ ការកសាង គឺមានគំនិតចំពោះជាតិ និងសាសនា តែបើការកាសាងនេះ មានការខុសឆ្គងទៅហើយ ដោយប្រការណាមួយ លោកសូមអភ័យទោសចំពោះសម្តេចសង្ឃ និងលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
លោកបានអះអាងថា បើសិនជាខុសកន្លែងណា ឲ្យកែប្រែនោះ នឹងប្រគល់នៅទីអាវាស់នេះ ប្រគេនថ្វាយទាំងអស់ តែធ្វើយ៉ាងម៉េចឲ្យប្រជាជានបានសេចក្តីសុខ និងសាសនាបានរុងរឿង មិនមានគំនិតទៅបំផ្លាញសាសនាទេ។
បន្ទាប់ពីកិច្ចប្រជុំ ចាប់ពីម៉ោង ៨ រហូតដ់ម៉ោង ១១ ព្រឹកថ្ងៃទី៧សីហានេះ រវាងក្រសួងធម្មការ និងសាសនា លោកធានវុទ្ធី បានធ្វើកិច្ចសន្យា ផ្តិតមេដៃ មាន ៩ ចំណុច រួមមាន៖
១-ទទួលយកកំហុសទាំងអស់ សុំកែខ្លួន មិនប្រព្រឹត្តតទៅទៀត។
២-ពិតជាបានរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ
៣-ពិតជាបានអង្គុយលើបល្ល័ង្គរបស់ព្រះ ទេសនាមែន ( ប្រជាជនឲ្យអង្គុយ )
៤-បានប្រាថ្នាខ្លួនជាព្រះក្នុងភទកប្បណាមួយ ហើយឲ្យគេអភិសេក
៥-មានព្រះសង្ឃ បានថ្វាយបង្គំមែន
៦-បានឲ្យគេគូររូបខ្លួន ជាព្រះតំណាងព្រះពុទ្ធតាមរឿងរ៉ាវពុទ្ធប្បវត្តិ
៧-បានក្រាលគ្រងកឋិនមែន ( សំពត់ស )
៨-គ្រឿងអលង្កាទាំងអស់នោះ ទិញពីផ្សារ មកលក់
៩-ពិតជាបានដើរកន្លងមនុស្សដេកមែន ( សទ្ធាពុទ្ធបរិស័ទ )
ក្នុងកិច្ចសន្យាសរសេរដោយដៃនោះ លោក ធាន វុទ្ធី បានបញ្ជាក់ថា "ចំណុចទាំង៩ខាងលើនេះ ខ្ញុំព្រះករុណាខ្ញុំ សុំទទួលស្គាល់ថា ពិតជាបានប្រព្រឹត្តដោយផ្ទាល់មែន"។
លើកិច្ចសន្យានោះ ដើម្បីជាសាក្សី ធាន វុទ្ធី បានផ្តិចមេដៃស្តាំ ទទួលខុសត្រូវ ចំពោះមុខច្បាប់។ ក្នុងនោះ ក៏មានហត្ថលេខាពីមនុស្សជាច្រើនទៀត។
បន្ទាប់ពីទទួលកំហុសដូច្នេះ តាមមើលទៅ ធានវុទ្ធី ប្រហែលជារួចខ្លួន មិនប្រឈមនឹងផ្លូវច្បាប់ ដូចប្រសាសន៍របស់សម្តេចហ៊ុនសែន បានប្រកាសឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន តាមចាប់បុរសនោះទេ។ តែក៏ម្យ៉ាងដែរ បើគ្រាន់តែសុំទោសហើយ បានរួចខ្លួននោះ!

