Thursday, August 7, 2014

តំបន់​សៀមរាប​អង្គរ​ជាប់​​​ចំណាត់​ថ្នាក់​ទី​៤ គឺជា​គោលដៅ​ចម្បង​សម្រាប់​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក​


ក្រុង​សៀមរាប​អង្គរ​ នៃ​ខេត្ត​សៀមរាប​បាន​ជាប់​ចំណាត់ថ្នាក់​គឺជា​ទីក្រុង​«​គោលដៅ​ចម្បង​ទី​៤​សម្រាប់​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក​​​​ដែល​​ចូលចិត្ត​មក​កម្សាន្ត​»​ក្រោយ​ពេល​ដែល​ការស្ទង់មតិ​មួយ​ត្រូវ​បាន​គេ​ធ្វើ​​ឡើង​កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​​ក្នុង​ឆ្នាំ​២០១៤​ ខណៈ​ពេល​រាជធានី​ប្រទេស​ថៃ​បាន​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​ទីក្រុង​ទាំង​១០​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូលចិត្ត​ទៅ​កម្សាន្ត​ជាងគេ​នោះ។ សម្រាប់​ទីក្រុង​ទាំង​១០​ដែល​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ត​នោះ​រួមមាន ទី​១ Kyoto.Japan ទី​២ Charleston,Southcorolina ទី​៣ Florence ទី​៤ «Siem Reap,Cambodia ទី​៥ Rome ទី​៦ Istanbut ទី​៧ Seville,Span ទី៨ Barcelona ទី​៩ Mexisco City ទី ១០ Neworleans។
លោក ង៉ូ​វ សេង កាក់​ ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​សៀមរាប ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ផង​ដែរ​ថា ​ក្នុង​រយៈពេល​៦ខែ​ ដើម​​ឆ្នាំ​២០១៤​នេះ​មាន​ចំនួន​ទេសចរណ៍​អន្តរជាតិ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ចំនួន​ 1239544 នាក់ កើន​ឡើង​10,45% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣​កន្លងមក រីឯ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​1345598​នាក់​កើន​ឡើង​33,17%​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣​កន្លងមក​ដូចគ្នា​នេះ​ផង​ដែរ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ​ឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​​​​​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ទស្សនា​ទីនេះ​នៅតែ​បន្ត​កើន​ឡើង។ ខេត្ត​សៀមរាប​ក៏​បាន​រៀបចំ​ខ្លួន​រួចរាល់​សម្រាប់​ការ​ទទួល​នៃ​លំហូរ​ចូល​របស់​ភ្ញៀវ​ទេសចរណ៍​នេះ​​ ​ដូច​ជា​សណ្ឋាគារ ​ផ្ទះសំណាក់​សេវាកម្ម​ផ្សេងៗ​ទៀត​នោះ។
បើ​យោង​តាម​ឯកសារ​របស់​សាលាខេត្ត​ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ដែរ ​បាន​ផ្ដល់​ឲ្យ​អ្នក​ព័ត៌មាន​យើង​បាន​ដឹង​ថា ​នៅ​ទូទាំង​ខេត្តសៀមរាប​ទាំងមូល មាន​អត្រា​ប្រជាជន​សរុប ប្រហែល​ជិត ១ លាន នាក់ គឺ ៩២០ ១២៣ នាក់ ក្នុងនោះ អ្នក​ដែល​រស់នៅក្នុង​ទីប្រជុំជន​ក្រុង​សៀមរាប​នេះ​មាន​ចំនួន ១៩៧ ៣០១ នាក់។ ខេត្តសៀមរាប​ទាំងមូល​មាន​ផ្ទៃក្រឡា ​១០ ២៩៩( គីឡូម៉ែត្រ​2 Km2)​មាន​ក្រុង​ចំនួន​១​ និង​ស្រុក​ចំនួន​១១ ឃុំ​ចំនួន ៨៧ សង្កាត់​ចំនួន​១៣ នឹង ភូមិ ចំនួន ៨៧៥ (​ព័ត​មាន​របស់​ក្រសួងទេសចរណ៍​នា​ដើម​ឆ្នាំ​២០១៣)​។​ប្រជាជន​ដែល​កំពុងតែ​រស់នៅ​ក្រុង​សៀមរាប​ភាគច្រើន​គឺ ជា អ្នក​ផ្លាស់​ទី​(​អ្នក​ចំណូល​)​មកពី​កន្លែង​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​តួយ៉ាង អ្នក ភ្នំពេញ ខេត្តកណ្ដាល កំពង់​ចាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ជាដើម ហើយ​ភាគច្រើន​ពួកគេ​គឺជា ​និស្សិត​ដែល​ទើប​បញ្ចប់ មហាវិទ្យាល័យ ក៏​ដូចជា​ក្រុម​អ្នកជំនួញ​ទាំងឡាយ បាន នាំគ្នា​«​មក​តាំងទី​លំនៅ ទីក្រុង​នេះ​ដើម្បី​ប្រកបការងារ​និង​ប្រកបមុខរបរ​ជំនួញ​ផ្សេងៗ​»​ខ​ណះ​ដែល​អ្នក​ដើមកំនើត​នៅ​ក្រុង​សៀមរាប​ពិតប្រាកដ​ភាគច្រើន​ពួកគេ​បាន​ផ្លាស់​ទី​លំនៅ ទៅ​រស់​នៅ​តាម​ជនបទ​ និង​តំបន់​ដាច់ស្រយាល​នៅក្នុង​ខេត្តសៀមរាប​មូលហេតុ​ដោយសារតែ​«​បញ្ហា​ជីវភាព​»​ និង​ការអប់រំ​នៅមាន​កម្រិត​ទាប។ ​ក្រុង​សៀមរាប​គឺជា​គោលដៅ​ចម្បង​របស់​ភ្ញៀវ​ទេសចរណ៍ ជាហេតុ​ទើប​បានជា​នៅតាម​ផ្លូវ​សំខាន់​នានា​នៅ​ទីក្រុង​នេះ​សំបូរ​ទៅ​ដោយ​សំណង់​អាគារ​ថ្មីៗ​ជាច្រើន​ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន​ ហាង ម៉ាស្សា ខារ៉ាអូខេ ហាង​លក់ទំនិញ​ និង​អាគារ​ផ្ទះល្វែង​ថ្មីៗ​ជាដើម ហើយ​ភាគច្រើន​ឈ្មោះ​សណ្ឋាគារ និង​​​ហាង​ទំនិញ​នានា​ ច្រើនតែ​បានដាក់​ភ្ជាប់​ជាមួយ​នឹង​ពាក្យ «​អង្គរ​» ដែល​វា​ជា​ការ​បញ្ជាក់​នូវ «​អត្តសញ្ញាណ​នៃ​ទីក្រុង​បូរាណ​មួយ​នេះ​»! ហើយ​ទីប្រជុំជន​សំខាន់ៗ​ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​ទូទៅ​ទាំង​ជាតិ​ និង​អន្តរជាតិ ដែល​ចូលចិត្ត​ទៅ​កម្សាន្ត ក្រោយពេល ដែល​បាន​ទស្សនា ប្រាង្គ​ប្រាសាទ​នានា​រួចហើយ​នោះ គឺ​ ម្ដុំ​ផ្សារ​ចាស់​ឬ​ហៅថា Pup Street ដែល​ទីនោះ​សំបូរ​ទៅ​ដោយ​ផ្សារ និង​ហាង​តូចធំ សម្រាប់​លក់​ វត្ថុ​អនុស្សាវរីយ៍ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ។ វា​ក៏​ជា​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ផង​ដែរ​ ហើយ​ទីនោះ​ត្រូវ​បាន​គេ​ចាប់ផ្ដើម​ដំណើរការ​ពី​ម៉ោង ៦​ព្រឹក រហូតដល់ ២១​យប់​ ហើយ​ភាគច្រើន​ពេល​ដែល​ក្រុម​ភ្ញៀវ​ទេសចរ​មកកាន់​ទីនេះ​វិញ​គឺ​ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​៤​ឬ​៥​ភ្លឺ​ទើប​អស់​ភ្ញៀវ​ទេសចរណ៍។
សម្រាប់​ខេត្ត​សៀមរាប​មួយ​នេះ​គឺជា​គោលដៅ​ចម្បង​ របស់​ភ្ញៀវ​ទេសចរណ៍ ​ទូទាំង​ពិភពលោក ហើយក៏ជា​តំបន់​មួយ​ដែល​សំបូរ​ទៅដោយ​សំណង់​ប្រាសាទ​តូច​ធំ​ជាច្រើន ដែល​ជាទី​ស្ថាន​របស់​ពពួក​អាទិទេព ទាំងឡាយ​ទាំងពួង​ផងដែរ។ នៅពេលដែល​ភ្ញៀវ​ទេសចរណ៍​ទូទាំង​ពិភពលោក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា​«​ដែល​ជា​រាជាណាចក្រ​អច្ឆរិយ​»​នេះ​គឺ​ពួកគេ​មិនដែល​ខកខាន មក​ទស្សនា​តំបន់​«​សៀមរាប​អង្គរ​នេះ​បាន​នោះ​ឡើយ​»! ​នៅ​ក្នុង​នោះ​រួមមាន​
​ទាំង​ខ្លួន​លោកអ្នក ផ្ទាល់​ផង​ដែរ​​ ​មិន​ថា អីចឹង​? វា​ជា ការ​ពិត​ណាស់​ថា​« ទឹកដី​នៃ​ខេត្ត​សៀមរាប​នឹង​មិន​ធ្វើឲ្យ​ក្ដី​ស្រមៃ​របស់​អស់លោក​​ខក​បំណង​ឡើយ​»៕