Thursday, August 7, 2014

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ឆែក​ឃើញ​មាន​ថ្នាំញៀន​៧​កញ្ចប់​


ភ្នំពេញ: សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ដោយសារ​មាន​គ្រឿងញៀន​ជាប់​ខ្លួន កាលពី​ម៉ោងជាង​១០​យប់ ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ភ្លើងស្តុប​សន្ធរម៉ុក ផ្លូវ​លេខ​២៤៥ កែង​ផ្លូវ​លេខ​១២៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ទី​១.​ឈ្មោះ​ចាយ សំអាត ហៅ​អាត អាយុ​២៥​ឆ្នាំ មុខរបរ​បោះពុម្ព​លើ​អាវយឺត ស្នាក់​នៅផ្ទះ​លេខ​០៧៧ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទី​២.​ឈ្មោះ ហ៊ួ​ន ធូ ហៅ​នឹម ធូ អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ប្រ៉​ក់ក្តារ ឃុំ​ឧ​ត្តុ​ង្គ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​
​ប៉ូលិស​បន្តថា វត្ថុតាង​ដកហូត​ពី​ជនសង្ស័យ​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​) ចំនួន​៧​កញ្ចប់​ធំ មាន​តូច​មួយកញ្ចប់ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ ក្រដាស​ផ្លេក​មួយ​បន្ទះ ទូរស័ព្ទ​៣​គ្រឿង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ កំលាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​ទី​២ បាន​ល្បាត​ការពារ​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​ជនសង្ស័យ​០២​នាក់​ខាងលើ បើក​ម៉ូតូ​គ្មាន​ស្លាក​លេខ ភ្លាមនោះ​កំលាំង​យើង​បាន​ឃាត់​ដើម្បី​ត្រួតពិនិត្យ តែ​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន ក៏ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ត្រួត​ពិនិត្យឃើញ​មាន​គ្រឿងញៀន​ក៏​ឃាត់ខ្លួន​តែម្តង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕