Thursday, August 7, 2014

យុវជន ២ នាក់ ជាប់អន្ទាក់​ប៉ូលិស ពេល​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្រុង​បាវិត​


ស្វាយរៀង​: ជនសង្ស័យ ២ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ យប់ នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​។ សមត្ថកិច្ច ចាប់​បាន​ភស្តុតាង​មាន​ថ្នាំញៀន​ម៉ា មេតំ​ហ្វេ​តា​មីន ចំនួន ២០ កញ្ចប់ និង​គ្រាប់កាំភ្លើង​វែង​ខ្លី ចំនួន ៩​គ្រាប់​។​

​លោក​វរៈសេនីយ៍ទោ កាន កេ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ យ៉ាន់ វី​រ៉ា ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កា​បូល រាជធានី​ភ្នំពេញ បាន​មក​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅ​ក្រុង​បាវិត​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ​ឆែកឆេ​រកឃើញ​ថ្នាំញៀន​ម៉ាក​មេតំ​ហ្វេ​តា​មី​៩​កញ្ចប់​ធំ​១១​កញ្ចប់​តូច​សរុប​២០​កញ្ចប់​ស្មើ ០,០៧៩៧ ក្រាម​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ​ក៏​បាន​សារភាព​ឈាន​ចាប់​ខ្លន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ប៉ុន ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៩ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​២​ខែ​សីហា​ឆ្នាំ​២១០៤​វេលា​ម៉ោង​១០:៤៥​នាទី​ព្រឹក​។​

​សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយពី​ឃាត់ខ្លួន​សាកសួរ​ជនសង្ស័យ​ក៏បាន​សារភាព​សមត្ថកិច្ច ក៏​បាន​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ និង​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៥ ល្ងាច នៅ​ពន្ធនាគា​ខេត្ត​ស្វាយរៀង​៕​