ភ្នំពេញ: ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ គឺបានប្រព្រឹត្តដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ នៅព្រឹកថ្ងៃទី៤ សីហានេះ។ ចំណែកប្រជាពលរដ្ឋ និងឪពុកម្តាយ អាណាព្យាបាលសិស្ស ដែលបានជូនកូនចៅ មកប្រឡង បានសម្តែងការពេញចិត្ត ចំពោះការធ្វើកំណែទម្រង់ថ្មី នៃការប្រឡង របស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលស្តែងឲ្យឃើញគុណភាព និងប្រសិទ្ធភាព គឺអ្នកចេះគឺជាប់។
លោក ប៊ិន ខេមរិន ជានិស្សិតសាកលវិទ្យាល IIC ឆ្នាំទី៤ និងជាមន្ត្រីរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមកត្រួតពិនិត្យ ក្នុងពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ។ មន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បាននិយាយថា ការប្រឡងនៅឆ្នាំនេះ មានលក្ខណៈល្អប្រសើរ ជាងឆ្នាំមុនៗ។ យើងដឹងស្រាប់ហើយថា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានស្តាប់នូវសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ដូច្នេះពួកគាត់បាន ធ្វើនូវអ្វី ដែលក្រសួងបានណែនាំ។ នៅតាមមាត់ទ្វានៃ មណ្ឌលប្រឡង មិនឲ្យយកចូល ដូចជា ទូរស័ព្ទ គ្រឿងអេឡិចត្រូនិច ចូលទៅក្នុងមណ្ឌលប្រឡងទេ។
លោក ប៊ិន ខេមរិន បានបញ្ជាក់ថា “ហេតុដូច្នេះ នៅឆ្នាំនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលរបស់សិស្ស ដែលចេញ នឹងអាចទទួលយកបានពី គ្រប់មជ្ឈដ្ឋានទូទៅ”។ លោកបានបន្ថែមថា “មិនមានសិស្ស យកឯកសារចូលបានទេ ព្រោះឆែកតឹងខ្លាំងណាស់”។
យុវតី សេង ស្រីអូន អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បានត្រូវឪពូករបស់នាង ជូនមកប្រឡង នៅវិទ្យាល័យហ៊ុនសែន សេរីភាព។ ពាក់ព័ន្ធនឹងការប្រឡង ឆ្នាំ២០១៤នេះ ដែលក្រសួងអប់រំ ធ្វើកំណែទម្រង់ ឲ្យតឹងពេក ជាងរៀងរាល់ឆ្នាំនោះ លោក សេង ហេង អាយុ៤៤ឆ្នាំ ដែលជាឪពុក យុវតី សេង ស្រីអូន បាននិយាយថា “ខ្ញុំគិតថា ខ្ញុំពេញចិត្ត។ “បើតឹងអីចឹង បើជាប់ ក៏ជាប់ទៅ បើធ្លាក់ ក៏ធ្លាក់ទៅ ព្រោះតាមសមត្ថភាព”។
លោកបានបញ្ជាក់ថា ការប្រឡងឆ្នាំនេះ តឹងខ្លាំងណាស់ ទោះជាកូនអ្នកមាន ក៏មិនអាចជ្រៀតចេញបានដែរ ប៉ុន្តែខ្ញុំមិនហ៊ានធានាបានដែរ ព្រោះគេអ្នកធំ អ្នកមានលុយ ហើយស្គាល់គ្នាទៀត”។
លោក សេង ហេង បានបន្ថែមថាៈ “ខ្ញុំពេញចិត្តខ្លាំងណាស់ ព្រោះថា ក្មេងដែលប្រឡង មានសមត្ថភាព បើអត់មានសមត្ថភាព អាចធ្លាក់ហើយ”។
លោក ប៉ែន ណាវិន នាយរង ការិយាល័យអន្តរាគមន៍ និងជាប្រធានសន្តិសុខ ក្នុងមណ្ឌលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែន សេរីភាព បានមានប្រសាសន៍ថាៈ “ក្នុងនាមខ្ញុំ ជាសមត្ថកិច្ច ការពារសន្តិសុខ សណ្តាប់ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន សេរីភាព គឺការប្រឡងនៅថ្ងៃនេះ បានប្រព្រឹត្តទៅបានល្អ ។ ដោយឆ្លងកាត់ការប្រជុំ កាលពីល្ងាច ថ្ងៃម្សិលមិញ គឺគណៈកម្មការប្រធានមណ្ឌល គឺត្រូវឲ្យសុក្រឹត្យល្អ អត់មានភាពរញ៉េរញ៉ៃ ធូររលុងដូចពីមុន គឺចង់និយាយថា ការប្រឡងឆ្នាំនេះ គឺការវាស់ស្ទង់សមត្ថភាព កំរិតការយល់ដឹង។ គេរឹតបន្តឹង ភាពរញ៉េរញ៉ៃ ឯកសារផ្សេងៗ និងការឆែកឆេរ ធ្វើបានល្អ”។
ពាក់ព័ន្ធនឹងកំណែទម្រង់នេះ លោកបានបញ្ជាក់ថាៈ“ ពិតជាមានប្រសិទ្ធភាព ដោយឆ្លងកាត់មន្ត្រី ដែលចុះមក ជាគណៈមេប្រយោគ គណៈប្រធានមណ្ឌល អនុរក្ស សង្គមស៊ីវិល អង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ ដែលចុះមក ខ្ញុំជឿថា អាចមានគុណភាពពីថ្ងៃនេះទៅមុខ”។
យ៉ាងណាក៏ដោយ ក្នុងពេលប្រឡងនេះ មានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីអង្គភាពប្រឆាំង អំពើពុករលួយ ចុះមកត្រួតពិនិត្យ ត្រូវបានលោកបានបញ្ជាក់ថា ពិតជាមានប្រសិទ្ធភាព ហើយសង្ឃឹមថា នៅឆ្នាំខាងមុខទៀត នឹងល្អជាងហ្នឹងថែមទៀត។ លោកបានបន្ថែមថា ការប្រលងតឹងបែបនេះ នឹងធ្វើឲ្យសិស្ស មានគុណដូចជំនាន់ សម្តេចតា សីហនុ និងទៅថ្ងៃមុខ គេចង់ឲ្យកូនខ្មែរយើង មានធនធានមនុស្ស ឲ្យដូចបណ្តាប្រទេសគេ ដែលជឿនលឿន។
លោកបានបន្តថា ជាមួយនឹងការរៀបចំ សណ្តាប់ធ្នាប់ ពេលចេញចូល ពាក់ព័ន្ធនឹងផ្លូវសាធារណៈ និងបើមានបញ្ហារឿងអី ដែលកើតឡើង នៅក្នុងមណ្ឌលផ្ទាល់តែម្តង គឺគេអាចទំនាក់ទំនង ឬសហការជាមួយលោកបាន។ ម្យ៉ាងទៀត ដូចជា បទល្មើស ក្មេងទំនើង និងពួកបង្កអុកឡុក ជាដើម។
លោកបានបន្ថែមថា “ក្នុងរយៈពេលប៉ុន្មានម៉ោង ក្នុងពេលប្រឡងនៅព្រឹកនេះ មិនមានបញ្ហាអ្វីកើតឡើងទេ គឺថាប្រព្រឹត្តល្អ ដោយរលូន”។
សូមរម្លឹកថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេលពីរថ្ងៃ បានចាប់ផ្តើម នៅម៉ោង ៧:៣០ នាទី នាព្រឹកថ្ងៃចន្ទ ទី៤ សីហានេះ។ ការប្រឡងបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនសរុប ៩៣.៤៥៦ នាក់ មាន ១៥១ មណ្ឌល ចែកជា ៣.៧៧៩ បន្ទប់។
អំពីវិធានការរឹងបន្តឹងយ៉ាងម៉ឹងម៉ាត់របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រលងបាក់ឌុប នៅថ្ងៃទី៤ និងថ្ងៃទី៥សីហានេះ ត្រូវបានលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន លើកឡើងថា មានការហាមឃាត់ ការនាំចូលគ្រឿងអេឡិចត្រូនិក ឬទូរស័ព្ទ ចូលបន្ទប់ប្រលង បើចាប់បាន សិស្សត្រូវធ្លាក់ជាស្វយប្រវត្តិ ការបញ្ជូនវិញ្ញាសាចេញក្រៅបន្ទប់ប្រលង ក៏ត្រូវបណ្តេញចេញមិនឲ្យប្រលង។ បើសិស្ស ប្រមូលលុយសូកគ្រូ ត្រូវដកសិទ្ធិប្រលងមួយឆ្នាំ ហើយបើសិស្ស យកគ្រឿងផ្ទុះចូលបន្ទប់ប្រលង ត្រូវដកសិទ្ធិ មិនឲ្យប្រលង ២ ឆ្នាំ។
ជាមួយនឹងវិធានការលើសិស្សានុសិស្ស ដែលជាបេក្ខជនប្រលង លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានលើកឡើងថា ក្រសួងអប់រំ ក៏បានពង្រឹងលើគ្រូជាប្រធានមណ្ឌល និងគ្រូអនុរក្សមេប្រយោគ ដោយមានពិន័យ ២ កំរិត។ ទី១-បើអនុរ័ក្ស អ្នកត្រួតពិនិត្យ ឬប្រធានមណ្ឌល បើសិនជាអនុញ្ញាតឲ្យកូនសិស្សលួចមើលប្រ៊ីយ៉ុង នោះគ្រូ ត្រូវទទួល ពិន័យកំរិតទី១ ដែលមានការស្តីបន្ទោស រហូតដល់លុបឈ្មោះចេញពីបញ្ជី ដែលត្រូវឡើងឋានន្តរស័ក្តិ។ ទី២-បើគ្រូអនុរក្ស មេប្រយោគ អ្នកត្រួតពិនិត្យ ឬក៏ប្រធានមណ្ឌល ទទួលលុយពីសិស្ស នោះគាត់អាចប្រឈមមុខនឹងការបណ្តេញចេញពីគ្រូបង្រៀន ហើយនេះ មិនទាន់គិតពីទោសព្រហ្មទណ្ឌ ដែលអង្គភាពប្រឆាំងអំពើពុករលួយ នឹងអនុវត្តន៍ផងទេ៕

