Wednesday, August 6, 2014

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថា ក្រសួង​ផ្សព្វផ្សាយ​បាន​ទូលាយ​ពី​បទបញ្ញត្តិ ទើប​ការប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​ភាពមិនប្រក្រតី​តិច​​


សកម្មភាព​ត្រួតពិនិត្យ និងដកហូតសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍ហាមឃាត់នៅមុខមណ្ឌល​ប្រឡង (រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ)

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ចាត់ទុកថា​ស្ថានភាព​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំនេះ មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ និង​មាន​ភាពមិនប្រក្រតី​តិចតួច ដោយសារ​ក្រសួង​ផ្សព្វផ្សាយ​ពី​វិធានការ​ហាមឃាត់​បាន​ទូលាយ និង​មាន​ការសហការ​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ។​

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក រស់ សា​លីន ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា បើ​តាម​លោក​សង្កេតមើល​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុងឆ្នាំនេះ​ទៅ​នឹង​ការប្រឡង​ឆ្នាំមុនៗ​ឃើញថា ឆ្នាំ​នេះ​មាន​ភាពល្អប្រសើរ​ជាង​។ លោក​ថា ដោយសារ​មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពី​ក្រសួង​នូវ​រាល់​ការហាមឃាត់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការប្រឡង ព្រមទាំង​មាន​ការសហការ​ល្អ​ពី​បណ្តា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ដូចជា​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ​នានា​ផង​នោះ ទើប​បេក្ខជន​ប្រឡង​មិន​ហ៊ាន​ធ្វើ​ខុស​វិន័យ​។


​លោក រស់ សា​លីន បន្ថែមថា ភាពមិនប្រក្រតី​ដែល​ក្រសួង​ចាប់បាន​គឺ​ការជួល​ឲ្យ​ប្រឡង​ជំនួស​២​នាក់ នៅ​ខេត្ត​កណ្តាល និង​២​នាក់​ផ្សេង​ទៀត​នៅ​ខេត្ត​ស្វាយរៀង និង​ម្នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​លើ​អ្នក​អង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លោក​ថា យុវជន​ទាំង​៥​នាក់​នោះ​ត្រូវបាន​ក្រសួង​លុបឈ្មោះ​ចេញពី​ការប្រឡង ចំណែក​ចំណាត់ការ​បន្ត​ទៀត​គឺ​សម្រេច​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា​នឹង​ត្រូវ​ធ្វើ​បែបណា​ជា​បន្ត​។

ដោយឡែក​សម្រាប់​ចំនួន​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង លោក​មិន​ទាន់​ទទួលបាន​របាយការណ៍​ច្បាស់លាស់​នៅឡើយ​ទេ​។​
​បណ្តា​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ត្អូញត្អែរថា ក្រសួង​គួរតែ​បង្កើន​គុណភាព ក៏ដូចជា​ស្តង់ដារ​អប់រំ​ឲ្យបាន​ខ្ពស់​ជាមុនសិន ហើយ​ធ្វើការ​រឹតបន្តឹង​តាម​ដំណាក់កាល​។ ពួកគេ​ភាគច្រើន​បារម្ភ​ថា ការ​រឹតបន្តឹង​ការប្រឡង​ដោយ​គំហុក​បែបនេះ អាច​នឹង​ធ្វើឲ្យ​អត្រា​នៃ​សិស្ស​ដែល​ប្រឡង​ធ្លាក់​មាន​ចំនួន​ច្រើន​។​

​ពាក់ព័ន្ធ​នឹង​ការប្រឡង​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន​ណារ៉ុន មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​សីហា ក្នុង​ពិធី​អបអរ​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ថា ដំណើរការ​នៃ​ការប្រឡង​មាន​ភាពល្អប្រសើរ​គួរឲ្យកត់សម្គាល់​។ លោក​ថា ចំពោះ​ការលើកឡើង​ថា​មានការ​រឹតបន្តឹង​ជ្រុល​ហួសហេតុ​នោះ មិនមែន​ជា​ការ​រឹតបន្តឹង​ទេ តែ​ក្រសួង​ធ្វើ​នេះ​ដើម្បី​ឲ្យ​ការប្រឡង​មាន​ភាពត្រឹមត្រូវ និង​ពង្រឹង​សមត្ថភាព​ដល់​សិស្ស​ប៉ុណ្ណោះ​។

​ចំណែក​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការប្រឡង​ថា មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ តែ​លោកគ្រូ អ្នកគ្រូ​ដែល​ជា​អនុរក្ស​ហាក់​មិន​សប្បាយចិត្ត​នឹង​ការអនុវត្ត​ហួស​ដែន​សមត្ថកិច្ច​របស់​អ្នក​អង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

VOD មិនអាច​សុំ​ការអធិប្បាយ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង និង​អ្នកនាំពាក្យ លោក កែវ រ៉េមី បានទេ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល ។​

​តាម​ការសង្កេតមើលរ​បស់​អង្គការ​សង្គម​ស៊ីវិល​នា​ឆ្នាំ​កន្លងមក​ឃើញថា មាន​ការ​យក​ចូល​នូវ​សំណៅ​ឯកសារ​ក្នុង​បន្ទប់​ប្រឡង ក៏ដូចជា​ការប្រើប្រាស់​ទូ​រ​ស័ព្ទ​ក្នុង​ពេល​ប្រឡង ការ​សូកប៉ាន់​អនុរក្ស​ជា​ថ្នូរ​នឹង​ការបើក​ចម្លង​ជាដើម បើទោះជា​មាន​ការចេញ​វិធានការ​ហាមឃាត់​មុន​ពី​ក្រសួង​ក៏ដោយ​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រកាស​ធ្វើ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ ដោយ​ចាប់ផ្ដើម​ពី​ការ​រឹតន្តឹង​ការប្រឡង​បាក់ឌុប និង​អនុញ្ញាត​ឲ្យមាន​ការចូ​ល​រួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាមរយៈ​ការបង្កើត​អ្នកស្ម័គ្រចិត្ត​អង្កេត​ការណ៍​ឃ្លាំមើល​ក្នុង​ពេល​ប្រឡង​តាម​មណ្ឌល​នី​មួយៗ​ផងដែរ៕