បុរសប្រកបរបរ រត់ម៉ូតូឌុប ដើម្បីជីវិតផ្ទាល់ និងក្រុមគ្រួសារ ត្រូវជនទុច្ចរិតឥតមេត្តា លើកកាំបិត អារក ប្រហារបណ្តាលឲ្យ ដេកដួលស្លាប់ ក្នុងថ្លុកឈាមទាំងព្រឹកគួរឲ្យអាសូរ ខណៈសមត្ថកិច្ចសង្ស័យថា ជាករណីអារក ប៉ុនប៉ងប្លន់ម៉ូតូ តែយកមិនបានសម្រេច។
សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍ចាក់សម្លាប់បុរសរត់ម៉ូតូឌុប ប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេចនេះ បាន កើតឡើងនៅវេលាម៉ោង ៤ និង៤០នាទីព្រឹកព្រលឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅតាមផ្លូវមួយលេខ ៧២សេ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមិនមាន នរណាម្នាក់ស្គាល់ អត្តសញ្ញាណនោះទេ តែមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាង បុរសរងគ្រោះ រត់ម៉ូតូឌុប ប្រចាំការនៅតំបន់កើតហេតុនោះ។
ករណីអារកបុរស រត់ម៉ូតូឌុប មិនទាន់មានការអះអាងថា ជាករណីគំនុំ ឬប្លន់នោះទេ តែសមត្ថកិច្ច បានដាក់ការ សង្ស័យលើករណី អារកនេះថា ជារឿងប្លន់មិនបានសម្រេច ដោយសារមានការប្រតាយប្រតប ពីជនរងគ្រោះមុន ពេលស្លាប់។
សមត្ថកិច្ច បានរកឃើញតំណក់ឈាម ពីលើដងផ្លូវពីចំណុចចាប់ផ្តើម ដែលជនទុច្ចរិតអារក និងកន្លែងជនរងគ្រោះ ដួលស្លាប់ចម្ងាយ ប្រហែលជា១០០ម៉ែត្រ។ ដូច្ចេះសមត្ថកិច្ចសន្និដ្ឋានថា ពេលជនល្មើសធ្វើសកម្មភាពអារក ជនរង គ្រោះព្យាយាមប្រតាយប្រតប់ និងជិះម៉ូតូ គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រីឯជនល្មើសឃើញសភាព ការណ៍មិនស្រួលក៏រត់គេចខ្លួនតែម្តងទៅ។
សពជនរងគ្រោះត្រូវបាន ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ ចាត់ចែងដឹកយកទៅតម្កល់នៅវត្តសំបួរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រង់ចាំស្វែងរកសាច់ញាតិ៕