ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ បន្តគាំទ្រនិងឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាជាបន្តទៀត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមនុស្សធម៌ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស។
ការអំពាវនាវរបស់ព្រះមហាក្សត្រយ៉ាងដូច្នេះ បានធ្វើឡើង នៅក្នុងពិធីបើកមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៦ កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ នៅសាលសន្និសីទចតុមុខ។
នៅក្នុងពិធីបើកមហាសន្និបាតនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកមហាសន្និបាតកាកបាទក្រហមកម្ពុជាអាណត្តិទី៦ និងបានពាំនាំនូវព្រះរាជផ្តាំផ្ញើរសាកសួរសុខទុក្ខ និងនឹករលឹករបស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជូនសម្តេចប្រធាន និងសមាជិក សមាជិកានៃកាកបាទក្រហមកម្ពុជាទាំងអស់។
ព្រះមហាក្សត្រ ក៏បានកោតសសើរដល់ភាពជោគជ័យយ៉ាងធំធេងនូវរាល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានាពេលកន្លងមក។ ទន្ទឹមនេះ ព្រះអង្គ ក៏បានមានព្រះរាជបន្ទូលកោតសសើរផងដែរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឲ្យកាកបាទក្រហមកម្ពុជាមានការរីកចម្រើនតាំងថ្នាក់កណ្តាល និងសាខាទាំង២៥រាជធានី ខេត្ត ហើយមានកិត្តិនាមនៅលើឆាកជាតិ និងអន្តរជាតិ៕

