Thursday, August 7, 2014

លោក ទេព រិន្ទ​ដា​រ៉ូ និង​លោក សុះ ម៉ាច បង្ហាញ​មោទនភាព​ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ ក្រោយ​រោងកុន​លំដាប់​អន្តរជាតិ បង្ហាញខ្លួន


ភ្នំពេញ: ​តារាភាពយន្ត​ល្បីឈ្មោះ​ចាស់វស្សា​លោក ទេព រិន្ទ​ដា​រ៉ូ និង​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ និង​ជា​តារាចម្រៀង​មួយរូប​បាន​បង្ហាញ​នូវ​មោទនភាព​ខ្ពស់ ចំពោះ​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​នៅពេល​ដែល​រោងកុន​លំដាប់​អន្តរជាតិ បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​។

​តារា​ល្បីឈ្មោះ​ក្នុង​សង្គម​សិល្បៈ​ទាំង​ពីរ​រូប​នេះ បាន​សម្តែង​នូវ​ក្តីរំពឹង​ទុក​ថា វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ នឹង​បោះ ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស ខណៈពេល​ដែល​មាន​វត្ត​មាន​រោងភាពយន្ត​ទំនើប​ថ្មីៗ រួម​ទាំង​ការវិនិយោគ​លើ​វិស័យ​មួយ​នេះ ក៏​ផុសផុល​ផងដែរ​នៅលើ​ទឹកដី​អច្ឆរិយៈ​។​

​ការលើកឡើង​បែប​នេះ​របស់​លោក ទេព រិន្ទ​ដា​រ៉ូ និង​លោក សុះ ម៉ាច ធ្វើឡើង​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex ដែល​មាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប  Aeon mall កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៤​។​

​លោក ទេព រិន្ទ​ដា​រ៉ូ ដែល​បាន​ចាប់​ដៃគូ​ដើរ​បង្ហាញ​រាង​នៅលើ​កំរាលព្រំ​ពណ៌​ក្រហមឆ្អិនឆ្អៅ​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅក្នុង​ពិធី​ខាងលើ​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា ការ​ដាក់​សម្ពោធ​រោងកុន​ថ្មី​លំដាប់​អន្តរជាតិ Major Cineplex នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នា​ពេល​នេះ បាន​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​ការ​វិវឌ្ឍន៍​ថ្មី​នៃ​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​។​

​លោក​រំពឹងទុក​ថា ភាពយន្ត​ខ្មែរ​និង​មាន​សន្ទុះ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស នៅពេល​ដែល​ភាពយន្ត​ខ្មែរ​ចេះ​តែ​បន្ត​ផលិត ឡើង​ថ្មីៗ​ជា​បន្តបន្ទាប់ ហើយ​បណ្តា​ផលិត​ករ និង​អ្នកដឹកនាំ​រឿង​ព្រមទាំង​តារា​សម្តែង​នានា​បាន​ខិតខំ​រួមគ្នា​ធ្វើ​ការ ផ្លាស់ប្តូរ និង​ចែករំលែក​នូវ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ដោយ​មិន​រើសអើង​។ ជាក់ស្តែង​ការរៀបចំ​អោយ​មាន​តារា​ជាច្រើន បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាលព្រំ​នៅពេលនេះ ពិត​ជា​លើក​មុខមាត់​តារា​យើង​ដែល​កន្លងមក​តែងតែ​ចង់បាន​នូវ​ឱកាស​នេះ​យូរ​មក​ហើយ​។ លោក​ពិតជា​មាន​ក្តី​រំភើប​ខ្លាំងណាស់ ដែល​បាន​ឃើញ​កូន​ខ្មែរ​បញ្ចេញ​នូវ​ឆន្ទៈ​គាំទ្រ​តារា​ខ្មែរ​នៅ​ពេល​បង្ហាញខ្លួន​ដោយ​មិន​រើសអើង នេះ​ហើយ​ជា​សញ្ញា​នៃ​ការ​វិវឌ្ឍន៍​ថ្មី​នៃ​វិស័យ​សិល្បៈ​ខ្មែរ​។​

​ស្រដៀង​គ្នា​នេះដែរ លោក សុះ ម៉ាច ក៏​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ត​ទៅ​ថ្ងៃមុខ​វិស័យ​ភាពយន្ត​ខ្មែរ​នឹង​មាន​ការរីកចំរើន​ឈាន​ទៅ​មុខ និង​បាន​បង្ហាញ​វត្តមាន​ភាពយន្ត​របស់​ខ្មែរលើ​បណ្តា​ប្រទេស​ផ្សេងៗ​ជាក់​ជាមិនខាន ព្រោះ​យើង​មាន​រោងភាពយន្ត​ទំនើប​លំដាប់​អន្តរជាតិ​បង្ហាញ​វត្ត​មាន​ជា​បន្តបន្ទាប់ ហើយ​ការវិនិយោគ​លើ​វិស័យ​នេះ ក៏​កំពុងតែ​មាន​សកម្មភាព​ផុសផុល​ផងដែរ​។​

​សូមបញ្ជាក់​ថា Major Cineplex គឺជា​រោងភាពយន្ត​លំដាប់​អន្តរជាតិ​ចុងក្រោយ​គេ ដែល​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ពាណិជ្ជករ ផលិត​ករ អ្នកដឹកនាំ​រឿង សិល្បករ​សិល្បការិនី​ប្រមាណ​ជាង ៧០០ នាក់ ខណៈ​រោងភាពយន្ត​ទំនើប​ផ្សេងៗ​ទៀត​បាន​ដាក់​សម្ពោធ និង​កំពុងតែ​ដំណើរការ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​៕