Wednesday, August 13, 2014

ផ្លូវ​មួយ​ខ្សែ​កណ្តាល​ក្រុង​កំពត​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​គ្មាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​មើល​ឃើញ​ឡើយ​

កំ​ពត ៖ ផ្លូវ​មួយ​ខ្សែ​កំពុង​រង​ការខូចខាត​ និង​ខ្ទេចខ្ទី​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​តែ​មាន​រថយន្ត​ធំៗ ​និង​រថយន្ត​ដឹក​លើស​កំណាត់​ឆ្លងកាត់​ដោយ​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ណា​​មើលឃើញ​ឡើយ​។​ ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​បាន​​ប្រាប់​កម្ពុ​ជាថ្មី ថា​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​មួយ​គីឡូ​ម៉ែត្រ​ដែល​ស្ថិតនៅ​ខាងកើត​ជាប់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល​ក្រុង​កំពត​ ខេត្តកំពត​។​ ​ តាម​ប្រជាពលរដ្ឋ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​រង​ការខូចខាត​យូរ​ឆ្នាំ​ណាស់​មក​ហើយ​តាំងពី​ខូចខាត​តិចតួច​រហូតមកដល់​ខូចខាត​ធ្ងន់ធ្ងរ​ដូច​មើលឃើញ​ជាក់ស្ដែង គួរតែ​អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​សាធារណការ​មាន​វិធានការ​ និង​ជួសជុល​ឡើងវិញ​កុំ​ឲ្យ​ខូចខាត​កាន់​តែ​ខ្លាំង ឡើង​ថែម​ទៀត។​ ជុំវិញ​ការ​រិះ​គន​ខាង​លើ​នេះ​លោក​ស៊ូ យុទ្ធ​ចៅសង្កាត់​ក្រាំង​អំពិល​បាន​ឲ្យ​ដឹង​ថា ​ផ្លូវ​នេះ​លោក​ចៅហ្វាយខេត្ត​បាន​មានប្រសាសន៍​សុំទោស​ប្រជាពលរដ្ឋ​ម្ដង​រួច​មក​ហើយ​ដោយសារតែ​គ​ម្រោ​ង​កាលពី​ឆ្នាំ​២០១៣​ត្រូវធ្វើ​ផ្លូវ​ហ្នឹង​ឲ្យ​ហើយ ​តែ​លុយ​ថ្នាក់​ជាតិ​គេ​ទៅ​ជួយ​គ្រោះ​ទឹកជំនន់​អញ្ចឹង​ទៅ​អត់​បាន​ជួសជុល។ នៅ​ឆ្នាំ​២០១៤​គាត់​ថា​ធ្វើ​នៅ​ដើមឆ្នាំ​តែ​ឥឡូវ​ចូល​ដល់​ខែ​៨​ជិត​ចុងឆ្នាំ​ទៀតហើយ។ លោក​បន្ត​ថា កាលពី​ថ្ងៃមុន​គាត់​ប្រាប់​ខ្ញុំ​ថា​សុំទោស​ម្ដងទៀត​លុយ​ដែល​ស្នើ​សុំ​យក​មក​ធ្វើ​ហ្នឹង​បាន​ហើយ​តែ​ប្រហែលជា​ខែ​៩​ ឬ​ខែ​១០ទើបធ្វើ​។​ ​ លោក លឹម សំបូរ​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ​ផ្លូវ​នេះ​គេ​កំពុង​ចាប់ ផ្តើម​ដាក់​លូ​​ចាក់​បេតុង​៕​