Thursday, August 7, 2014

ស្ត្រី​ម្នាក់​ដែល​រង​ការ បាញ់សម្លាប់ ៤ គ្រាប់ នៅ​ផ្លូវ​២០០៤ ជា​ករណី​ស្នេហា​ត្រីកោណ​


ភ្នំពេញ: ស្ត្រី​ម្នាក់​បាន​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ត្រូវ​ខ្មាន់កាំភ្លើង ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើ​សកម្មភាព​បាញ់ប្រហារ ចំនួន​៤​គ្រាប់ ខណៈ​ស្ត្រី​រងគ្រោះ កំពុង​ជិះ​ម៉ូតូឌុប​ម្តាយ​។ ករណីនេះ បានកើត​ឡើងកាលពី​ម៉ោង​ប្រមាណ​ជា ៩ ព្រឹក ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ច្រកចូល​វត្ត​អង្គ​តា​មិញ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​បន្ទាប់ពី​បាញ់ប្រហារ ក្រុម​ជនល្មើស បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប គេចខ្លួន​បាត់ទៅ​។ ភ្លាមនោះ សមត្ថកិច្ច​បាន​ទៅដល់ ហើយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការបាញ់ប្រហារ​នេះ មិនមែនជា​ករណី​ប្លន់ និង​បានដាក់​ការសង្ស័យថា ជា​រឿង​ស្នេហា​ត្រីកោណ​ទៅវិញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ ឈ្មោះ គឹម សុជាតា អាយុ ៣៦ ឆ្នាំ មាន​ស្វាមី ឈ្មោះ ណូ ជា​អ្នកជំនួញ​ឈើ​ប្រណីតនៅ​ខេត្តរតនគិរី​។ មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ អាយ​ខន ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 1X-4366 មាន​លំនៅដ្ឋាន តាម​បណ្តោយ​ផ្លូវ​កម្ពុជាក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូឌុប​ម្តាយ ចេញពីផ្ទះ ទៅលេង​ផ្ទះ​បង នៅ​ម្តុំ​រោងចក្រ​៦​ជាន់​។ លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប មក​ទន្ទឹម​ជាមួយ​ម៉ូតូ​ស្ត្រី​រងគ្រោះ ដោយ​មិនមាន​មាត់ក​អ្វី​ទាំងអស់ ហើយ​បាញ់ប្រហារ ទៅលើ​នារី​ម្នាក់នេះ ចំនួន​៤​គ្រាប់ (​ចំក្បាល ខ្លួន ដៃ និង​ភ្លៅ​) បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​

​ចំណែក​សព​ត្រូវបាន​ក្រុមគ្រួសារ ហៅ​រថយន្ត​សាមុយ ដឹកយក​ទៅកាន់​លំនៅដ្ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​។ នៅពេលនេះ កម្លាំង​សមត្ថកិច្ច បាន​កំពុងតែ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​ស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕