Thursday, August 7, 2014

ប៉ូលិស​ថា​អត្តឃាត តែ​ពលរដ្ឋ​សង្ស័យថា មាន​គេ​ចាក់​សម្លាប់​


ព្រះសីហនុ:  ស្ត្រី​វ័យ​៣២​ឆ្នាំ​ម្នាក់ មាន​របរ​លក់ដូរ សម្លៀកបំពាក់ នៅក្នុង​ទីផ្សារ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​ស្លាប់​ដោយមាន ស្នាម​ចាក់​បំពង់ក ដោយ​កូនកាំបិត ចំនួន​ពីរ​កាំបិត​។​ ស្ត្រី​រងគ្រោះ​នេះ ឈ្មោះ វង្ស វណ្ណ​រតនា បាន​ស្លាប់​នៅ ក្នុងផ្ទះ​របស់ខ្លួន ស្ថិត​ក្នុងភូមិ​ទំនប់រលក ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៤ ។​

​ករណីនេះ ប៉ូលិស​បាន​សន្និដ្ឋានថា ជា​អំពើ​អត្តឃាត​។ ក៏ប៉ុន្តែ​អ្នកជិតខាង​ដាក់ បន្ទុក​សង្ស័យថា មិនមែនជា​អត្តឃាត ដោយ​ខ្លួនឯង​នោះទេ​។ ​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​ស្ត្រី​រងគ្រោះ បានលើកឡើង​ពី ហេតុផល​មួយ​ថា មនុស្ស​យើង មិនអាច​ចាក់​សម្លាប់​ខ្លួនឯង បាន​ពីរ​កាំបិត​នោះទេ​។ ស្រី្ត​រូបនេះ មិនមែនជា​ជនក្រីក្រ​នោះទេ​។ ម្យ៉ាងវិញទៀត ស្រី្ត​រូបនេះ មាន​ប្តី​ជា​មន្ត្រីប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល ទើប​បែកបាក់​គ្នា​ផងដែរ​។​
             
ពលរដ្ឋនៅជិតខាង បាននិយាយថា ជនរងគ្រោះ ពុំមានកូនទេ គឺរស់នៅជាមួយ ប្អូនស្រីម្នាក់ និងជីតាម្នាក់ ពុំមានអ្នក ក្រៅនោះទេ ហើយបន្ទាប់ពីហេតុការណ៍នេះ គ្រួសារស្ត្រីរងគ្រោះ បានអះអាងថា មិនមានបាត់ ទ្រព្យសម្បត្តិអ្វីទេ៕