Thursday, August 7, 2014

ក្រុមហ៊ុន ROLLS-ROYCE MOTOR CARS ប្រកាស​បង្កើត​រថយន្ត​ម៉ូ​ដែល​ថ្មី​


ភ្នំពេញ: ក្រុមហ៊ុន​ផលិត​រថយន្ត មហា​ទំនើប​កំពូល របស់​ពិភពលោក នៅថ្ងៃនេះ ប្រកាស​បង្កើត​រថយន្ត Rolls- Royce ម៉ូ​ដែល​ថ្មី​ផ្សេង​មួយទៀត​។ រថយន្ត​ម៉ូ​ដែល​ថ្មី​នោះ នឹង​ចេញលក់ នៅលើ​ទីផ្សារ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ខាងមុខនេះ​។

​រថយន្ត​ម៉ូ​ដែល​ថ្មី នឹងត្រូវ​បង្កើតឡើង ផ្អែកលើ​ជោគជ័យ របស់​ម៉ូ​ដែល ដែលមាន​ស្រាប់​គឺ ម៉ូ​ដែល Phantom,   ម៉ូ​ដែល Ghost និង​ម៉ូ​ដែល Wraith ដោយ​បន្ត​ពង្រឹង​អនាគត ឲ្យ​កាន់តែ​រឹងមាំ សម្រាប់​រថយន្ត​ម៉ាក Rolls-Royce ដោយមាន​ការច្នៃ​រចនា ឲ្យ​ទំនើប​ទាន់សម័យ សមសួន និង​ទាក់ទាញ​។

​រថយន្ត​ម៉ូ​ដែល​នេះ ជា​ប្រភេទ​រថយន្ត បើក​ដំបូល ហើយ​ផ្ដល់នូវ​ការបើកបរ យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ប្រឹង តាមរយៈ​ការ​ផ្សំ​បញ្ចូល​គ្នា នូវ​ភាពទំនើប រចនាបថ និង​ភាពស្រស់​ឆើតឆាយ របស់​រថយន្ត Rolls-Royce ដ៏​ទាន់ សម័យ ជាមួយនឹង​បទពិសោធន៍ នៃ​ការបើកបរ​ដ៏​ជក់ចិត្ត និង​ប្រកបដោយ​ក្តីរំភើប​។

​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន Rolls-Royce Motor Cars លោក Torsten Miller-Ötvös បាន​ថ្លែង​ពី​រោងចក្រ​ផលិត​រថយន្ត Rolls-Royce នៅឯ Goodwood, West Sussex ថា​៖ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍ រីករាយ​ក្រៃលែង ហើយ​សូម​ប្រកាស នៅថ្ងៃនេះ អំពី​ការផលិត​រថយន្ត ម៉ូ​ដែល​ថ្មី​មួយទៀត របស់​ក្រុមហ៊ុន​យើងខ្ញុំ ដែលជា​ការបើក​នូវ​ទំព័រ​ថ្មី ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars ។

បច្ចុប្បន្ននេះ យើង​កំពុងតែ​ផលិត​នូវ កំពូល​រថយន្ត​បើក​ដំបូល សម្រាប់​ការបើកបរ កម្សាន្ត​ដ៏​ទំនើប និង​ទាន់សម័យ​បំផុត ដែល​នឹង​ណែនាំ​ដល់​សុភាពបុរស និង​សុភាពនារី ដែលមាន​សុភ​វិនិច្ឆ័យ​ខ្ពស់ ឲ្យ​ក្លាយជា​ម្ចាស់​លើ​រថយន្ត Rolls-Royce នេះ​” ។​

​ប្រធាន​ក្រុមហ៊ុន Rolls-Royce Motor Cars លោក Peter Schwarzenbauer បាន​ស្វាគមន៍​ចំពោះ ការប្រកាស​ពី​ការផលិត រថយន្ត​ម៉ូ​ដែល​ថ្មី​នេះ​។ លោក​បាន​និយាយថា​៖ “​ការប្រកាស​ពី​ការផលិត រថយន្ត Rolls-Royce  ម៉ូ​ដែល​ថ្មី គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ នៅក្នុង​ឧស្សាហកម្ម​រថយន្ត​”​។​

​នៅពេល​បង្ហាញខ្លួន នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៦ រថយន្ត Rolls-Royce ម៉ូ​ដែល​ថ្មី​ដ៏​ស្រស់​ឆើតឆាយ និង​ទាក់ទាញ​នេះ នឹង​ផលិតឡើង​ដោយ​ផ្អែក លើ​ជោគជ័យ​របស់​ម៉ូ​ដែល បច្ចុប្បន្ន ហើយនឹង​ដើរតួនាទី មួយផ្នែក​ដ៏​សំខាន់ ក្នុង​ការជួយ​បំពេញ​នូវ ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars សម្រេច​ឲ្យ​បាន​នូវ​កំណើន ប្រកបដោយ​និរន្តរភាព រយៈពេល​វែង​។​

​បច្ចុប្បន្ននេះ រថយន្ត Rolls-Royce ម៉ូ​ដែល​ថ្មី កំពុងតែ​ឆ្លងកាត់​ដំណើរការ ធ្វើតេស្ត​សាកល្បង​ជាបឋម ខណៈដែល​រថយន្ត​នេះ ឈានចូល​ដល់​ដំណាក់កាល​បន្ទាប់ នៃ​ការផលិត​៕